អង្គការសង្គមស៊ីវិលទាំងនោះ រួមមានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការប៉ាដិក (PADEK) អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) និងសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) សហការជាមួយក្រុមអ្នកជំនាញនិងអ្នកការពារបរិស្ថាន អ្នកច្បាប់ អ្នកជំនាញសិទ្ធិមនុស្ស និងតស៊ូមតិ និងឯកទេសខាងសង្គម ដើម្បីចាប់ផ្ដើមចុះវាយតម្លៃរហ័សរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិលបានចុះផ្សាយថា ការចុះវាយតម្លៃរយៈពេលខ្លីលើផលប៉ះពាល់បរិស្ថាន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការប្រើប្រាស់អាវុធគីមីនិងផ្សែងពុលអំឡុងសង្គ្រាមរយៈពេល៥ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា រវាងយោធាកម្ពុជានិងថៃ ជាពិសេសនៅក្នុងទឹកដីកម្ពុជា ដែលមានសេចក្ដីរាយការណ៍ពីសហគមន៍រងផលប៉ះពាល់ បានបង្ហាញពីការខូចខាតដែលអាចកើតមានឡើងលើព្រៃឈើ សត្វព្រៃ លើដំណាំ ប្រភពទឹក និងសុខភាពរបស់មនុស្ស។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៥ ខែកញ្ញា ថា ការចុះសិក្សាវាយតម្លៃនេះ ដើម្បីស្វែងរកភស្តុតាងឱ្យកាន់តែរឹងមាំ ជុំវិញសេចក្ដីរាយការណ៍ថា ទាហានថៃបានប្រើប្រាស់អាវុធគីមី និងផ្សែងពុលមកលើកម្ពុជា ពីព្រោះការប្រើប្រាស់អាវុធដែលច្បាប់ហាមឃាត់ គឺរំលោភច្បាប់អន្តរជាតិផ្នែកសិទ្ធិមនុស្ស និងកាតព្វកិច្ចការពារបរិស្ថាន។ លោកបានបន្តថា លទ្ធផលនៃការសិក្សាខាងមុខនេះ នឹងអាចជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលក្ខណៈបច្ចេកទេសបន្ថែមទៀត។
លោក រស់ សុដ្ឋា៖«ដូច្នេះ បញ្ហានេះ ជាបញ្ហាធំណាស់ បញ្ហារបស់ពិភពលោក មិនមែនបញ្ហារវាងកម្ពុជានិងថៃទេ ដែលមានការព្រួយបារម្ភអំពីសុខភាព និរន្តរភាពរបស់ពិភពលោក គឺថាជីវិតរបស់យើងនៅក្នុងសង្គមមិនអាចរស់នៅបានទេ ប្រសិនបើខ្វះបរិស្ថានដែលល្អ»។
អំឡុងពេលសង្គ្រាមឈ្លានពានលើកម្ពុជា យោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ រួមមានយន្តហោះចម្បាំងF-16 យន្តហោះចម្បាំង Gripen ដ្រូនទម្លាក់គ្រាប់ និងប្រើកាំភ្លើងធំបាញ់គ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិបានហាមឃាត់ សម្រាប់វាយប្រហារស្រោចលើទឹកដីកម្ពុជា រួមទាំងលើទីតាំងស៊ីវិល និងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅថា ស៊ីម៉ាក់ បានរកឃើញថា ទាហានថៃបានប្រើគ្រាប់បែកចង្កោម បាញ់ចេញពីកាំភ្លើងធំតាមរយៈសម្បកគ្រាប់ប្រវែង១៥៥មីលីម៉ែត្រ ដែលក្នុងមួយសម្បកគ្រាប់ មានផ្ទុកគ្រាប់ចង្កោមប្រភេទ អ៊ឹម-៤៦ (M-46) ចំនួន ៥៦ គ្រាប់។ អាជ្ញាធរមីនបានបញ្ជាក់ថា គ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ដែលទើរលើដើមឈើ និងផ្ទះសម្បែង លើដី និងក្នុងទឹក កំពុងបង្កឱ្យមានហានិភ័យខ្ពស់បំផុតសម្រាប់ពលរដ្ឋកម្ពុជា។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាមិនទាន់ចេញអះអាងជាផ្លូវការថា ទាហានថៃបានប្រើប្រាស់អាវុធគីមី និងផ្សែងពុលនៅឡើយទេ។ ប៉ុន្តែ កាលពីខែសីហា កងទ័ពថៃទទួលស្គាល់ថា បានប្រើប្រាស់សារធាតុផូស្វ័រពណ៌ស (Phosphorus) អំឡុងសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែបដិសេធដា មិនមែនជាអាវុធគីមី។ នេះបើការចុះផ្សាយពីសារព័ត៌មានថៃ The Thai Enquirer។
ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ពួកគេនឹងចងក្រងជាឯកសារ និងផ្ទៀងផ្ទាត់ពីផលប៉ះពាល់ជាក់ស្ដែង ពីសកម្មភាពប្រើប្រាស់អាវុធគីមីនិងផ្សេងពុលខុសច្បាប់ដែលអាចកើតមាន ដើម្បីឱ្យភាគីដែលបានប្រព្រឹត្ត ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ និងយន្តការយុត្តិធម៌អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។